jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត សន្ទរកថា អំពី​ស្ថានទូត ដំណឹង​ថ្មី

សុន្ទរកថា

ការ​ប្រសិទ្ធិពរ​របស់​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក Mussomeli ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​អាមេរិក ៤ កក្កដា

          កាលពី ២០០ ឆ្នាំ​មុន ប្រធានាធិបតីទី ២ របស់​យើង គឺ​លោក John Adams បាន​ធ្វើ​ការ​ទស្សន៍ទាយ​ថា ថ្ងៃទី ៤ កក្កដា  នឹង​ត្រូវ​បាន​អបអរសាទរ​...​ជាមួយ​នឹង​ការ​ដើរ​ដង្ហែរ​ក្បួន តន្ដ្រី ល្បែង​កំសាន្ដ ... និង​ការ​បាញ់​កាំជ្រួច ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ទ្វីប ។ "​ដូច្នេះ​ យប់​នេះ យើង​ក៏​នឹង​ធ្វើការ​អបអរសាទរ ដែរ ។ ពិត​ណាស់ នេះ​គឺជា​ការ​ប្រារឰ​ការ​អបអរ​ដែល​មាន​លក្ខណៈ​ទ្វេ​ដង គឺ​អបអរ​ថ្ងៃ​កំណើត​នៃ​ប្រទេស ដែល​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក និង​ការ​អបអរសាទរ​នូវ​ចំណង មិត្ដភាព​របស់​យើង​ដែល​កាន់តែ​រឹងមាំ​ឡើង​ជាមួយ​ប្រទេស​កម្ពុជា ដែល​កំពុង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​វ័យ​ក្មេង​ជាងគេ​ក្នុង​ពិភពលោក ។

          ការ​ដែល​យើង​អបអរ​ក្នុង​លក្ខណៈ​ទ្វេ​ដង​ នា​ខែ​កក្កដា​នេះ ​គឺជា​ការ​គាប់​ជួន​ជា​ពិសេស ពីព្រោះ​ថា នៅ​ចុង​ខែ​នេះ ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​របស់​ខ្លួន​ផង​ដែរ ។ អ្នក​ខ្លះ​ត្អូញត្អែរ​ថា លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​នៅ​មាន​បញ្ហា​ច្រើន​។ ​តើ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ណា​មួយ​ដែល​ថា​មិន​ដែល​មាន​បញ្ហា​នោះ​? បញ្ហា​របស់​ប្រទេស​កម្ពុជា គឺជា​បញ្ហា​នៃ​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ថ្មីថ្មោង គឺ​ធ្វើ​យ៉ាងណា​រក្សា​ស្ថេរភាព​អោយ​បាន ដោយ​ទន្ទឹម​នឹង​នោះ​ត្រូវ​ពង្រីក​សេរីភាព ការពារ​ដំណើរ​យុត្ដិធម៌ បើក​ចំហ​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា ហើយ​ជា​ពិសេស ធ្វើ​យ៉ាងណា​កុំ​អោយ​មាន​ការ​បំភិត​បំភ័យ ឬ ការ​បង្ក​ភាព​អមិត្ដ​ដាក់​គ្នា ។ តើ​រឿង​ទាំងអស់​នេះ នៅ​តែ​ជា​បញ្ហា​ដែល​កម្ពុជា​ត្រូវ​ធ្វើ​ការ​កែ​លំអ​ដែរ​ឬ​ទេ​? ចំលើយ​គឺ ពិត​មែន​ហើយ ។ តើ​កម្ពុជា​កំពុង​តែ​កែ​លំអ​ខ្លួន​ឯង​ដែរ​ឬ​ទេ​? តើ​នៅ​ពេល​នេះ ប្រជាជន​កម្ពុជា​មាន​សេរីភាព​ច្រើន​ជាង​កាលពី​មួយ​ទសវត្ស​មុន​ដែរ​ឬ​ទេ​? តើ​គេ​មាន​សុភមង្គល មាន​សន្ដិសុខ និង​មាន​ទំនុក​ចិត្ដ​លើ​​អនាគត​របស់​គេ​ច្រើន​ជាង​មុន​ដែរ​ឬ​ទេ​? ចំលើយ​គឺ ពិត​ហើយ​។ លទ្ធិ​ប្រជាធិបតេយ្យ​ប្រៀប​ដូច ជា​វត្ថុមាន​ជីវិត​ដទៃ​ទៀត​ដែរ គឺ​គេ​ត្រូវតែ​ពូនជ្រុំ​បណ្ដុះ​វា ទើប​វា​អាច​ដុះដាល​និង​ចំរើន​ធំ​ទៅ​មុខ​បាន ។

          ប្រទេស​អាមេរិក ដែល​ជា​ប្រទេស​ប្រកាន់​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ចាស់​មួយ មិន​មាន​បញ្ហា​ដូច​ប្រទេស​កម្ពុជា​ទេ តែ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះ​ស្រាយ​ដែរ ។ ជា​ថ្មី​ម្ដង​ទៀត  ខ្ញុំ​បាន​នឹក​ឃើញ ដល់​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​អាមេរិក John Adams ដែល​បាន​ធ្វើ​ការ​ទស្សន៍ទាយ​ទៅ​លើ​រឿង​មួយ ។ លោក​បាន​ព្រមាន​ថា  "​ចូរចាំ​ថា មិន​ដែល​មាន​ប្រជាធិបតេយ្យ​ណា​ដែល​មិន​មាន​ការ​ធ្វើ​អត្ដឃាត​នោះ​ទេ ។ ថ្គាម​នៃ​អំណាច​ចាំ​តែ​ហារ​ត្របាក់​ជានិច្ច​...​សុភាសិត​មួយ​សំរាប់​រដ្ឋាភិបាល​សេរី​គឺ​ថា មិន​គួ​ទុក​ចិត្ដ មនុស្ស​ណា​ម្នាក់​ដែល​មាន​អំណាច​នោះទេ​។  "​ប្រទេស​អាមេរិក​គឺជា​ប្រទេស​ដែល​មាន​អំណាច​ខ្លាំង​ជាង​គេ បំផុត ដែល​ពិភពលោក​ទាំង​មូល​បាន​ស្គាល់ ។ លោក​ប្រធានាធិបតី​អាមេរិក Lincoln បាន​ធ្វើ​ការ​កត់សំគាល់​ថា   "​គេ​មិន​អាច​វាយ​កំទេច​ប្រទេស​អាមេរិក​ពី​ខាង​ក្រៅ​មក​បាន​ទេ ។ បើ​យើង​ទន់​ជ្រាយ ហើយ បាត់បង់​សេរីភាព​របស់​យើង​នោះ គឺ​ដោយសារ​យើង​បំផ្លាញ​ខ្លួន​យើង ។  "​យើង​ត្រូវ​ការ​ខ្លាច​តែ​ការ​ធ្វើ​អ្វី​ៗ តាម​សន្ទុះ​ចិត្ដ​នឹក​ឃើញ​របស់​យើង​ប៉ុណ្ណោះ ដោយ​លះបង់​ចោល​នូវ​សេរីភាព នៅ​ពេល​សេរីភាព​ធ្វើ​អោយ​មាន​បញ្ហា ។ គំនិត​ស្ដីពី​សេរីភាព​តាម​គំនូរ​ជីវចល និង​និយមន័យ​នៃ​អំពើ​ល្អ និង​អំពើ​អាក្រក់​តាម​សៀវភៅ កំប្លែង គ្រាន់​តែ​ធ្វើ​អោយ​ចុះ​ខ្សោយ មិនមែន​ជ្រោង​ឡើង ដល់​ស្មារតី​ឆ្នាំ ១៧៧៦ ដែល​យើង​ធ្វើ​ការ​អបអរសាទរ​នៅ​ថ្ងៃ​នេះ​នោះ​ទេ ។

          កាលពី ២៣២ ឆ្នាំមុន កាលណាដល់​ថ្ងៃនេះ គ្រប់​ជន​ផ្ដាច់ការ​ត្រូវបាន​គេរំលឹ​កប្រាប់​ថា ពិភពលោក នឹងមិន​មាន​ដំណើរ​ដូចពេល​កន្លង​មកនោះ​ទេ ។ ដូច​លោកប្រធានា​ធិបតី Jefferson បាន​មាន​ប្រសាសន៍​ថា  "រាល់អំពើ​ផ្ដាច់​ការ "ទៅលើ​ចិត្ដ​របស់មនុស្ស  "  លែង​ទទួលបាន​ការអត់​ឱនអោយ​ទៀត​ហើយ ។ ការ​ភ័យ ខ្លាច​អំពី​អសន្ដិសុខ ភាព​មិន​អើពើ ទាំង​នេះសុទ្ធ​តែជា​ការគំរាម​កំហែង​យ៉ាង​ធំដល់​សេរី​ភាព និងជា​អាវុធ សំងាត់​របស់ជន​ផ្ដាច់​ការ​ទាំងអស់ ។ រាល់​ពេល​ដែល​សេរីភាព​របស់យើង​ទទួលរង​នូវការ​គំរាម​កំហែង -ដូចជា​ច្បាប់ ឆ្នាំ១៧៩៨ ដែល​ធ្វើការ​រឹតបន្ដឹង​ខ្លាំងលើ​ជនចំណូល​ស្រុកនិង​ជនបរទេស នៅ​សហរដ្ឋ​អាមេ​រិក (Alien and Seduction Acts 1798) ច្បាប់​ស្ដីពីចារ​កម្ម ឆ្នាំ ១៩១៧ (Espionage Act of 1917) សវនាការ​ក្នុងយុគ​សម័យ McCarthy ក្នុង​ទសវត្សទី ១៩៥០ - ការគំរាម​កំហែង​តែងតែមាន​ដក់​ជាប់ នៅក្នុង​ទង់ជាតិ​អាមេរិក ដែល​ដិតដាម​ដោយក្លិន​អាមេរិក ។ ស្មារតីពិត​ប្រាកដនៃថ្ងៃ ៤កក្កដា ឆ្នាំ១៧៧៦ ងើបឈរ​ឡើងប្រឆាំង​នឹងការគំរាម​កំហែង​ទាំងនេះ ។ វាជាស្មារតី​ដែល​ជ្រោង​ខ្ពស់នូវ​សេចក្ដីថ្លៃថ្នូរ​របស់ មនុស្ស​ប្រុស ស្រីគ្រប់​រូប ស្រឡាញ់​សេរីភាព ច្បាប់ និងយុត្ដិធម៌ ហើយ​អំពាវនាវ​អោយ​យើងទាំងអស់​គ្នា បំបាត់​ចោល​ការភ័យ​ខ្លាច និងការ​ស្អប់ខ្ពើម​របស់យើង ហើយ​រស់ក្នុងសេរី​ភាពដែល​ព្រះជា​ម្ចាស់បាន​ប្រទានអោយពួក​យើងគ្រប់ៗគ្នា ។
          ដូច្នេះ នៅយប់នេះ យើងសូមលើក​កែវឡើង ហើយ​អបអរចំណង​មិត្ដភាព​នៃប្រទេស​និងប្រជាជន យើង​ទាំងពីរ ។ យើងសូម​បួងសួង​អោយ​មានសន្ដិភាព និងយុត្ដិធម៌ ហើយសូម​បួងសួង​និងថ្វាយ​ព្រះពរ​ដល់ ព្រះ​មហាក្សត្រ ព្រះបាទ សីហមុនី សូម​អោយព្រះ​អង្គមាន​ព្រះជន្មយឺន​យូរ  សូម​អោយមាន​សន្ដិសុខ និង ស្ថេរភាព​នៃរដ្ឋាភិបាល​កម្ពុជា និងសូម​ជូនពរ​អោយ​ប្រជាជន​កម្ពុជាទាំងអស់​ជួបតែ​សេចក្ដី​សុខ និងមាន​ភាព ចំរុង​ចំរើន។ 

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -

គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក