jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
 

សុន្ទរកថា

សុន្ទរកថា​លោក​ឯកអគ្គរដ្ឋទូត Joseph A. Mussomeli ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន Crown Beverage Cans (Cambodia) Ltd.

ថ្ងៃទី ៤ ខែ​ធ្នូ ឆ្នាំ ២០០៧


ឯកឧត្ដម ឧបនាយក​រដ្ឋមន្ដ្រី សុខ អាន
ឯកឧត្ដម លោកជំទាវ
អស់លោក លោកស្រី


          ខ្ញុំ​មាន​ក្ដី​សោមនស្ស​ដោយ​មាន​វត្ដមាន​នៅ​ពេល​នេះ​ដើម្បី​អបអរ​ការ​ឈាន​ចូល​របស់​ក្រុមហ៊ុន Crown Holdings Inc. ទៅ​ក្នុង​ទីផ្សារ​កម្ពុជា និង​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ទីតាំង​វេចខ្ចប់​ដ៏​ទំនើប​មួយ​នេះ ។ ក្រុមហ៊ុន Crown Holdings បាន​បង្កើត​ម៉ាក​យីហោ​លំដាប់​ថ្នាក់​ពិភពលោក​របស់​ខ្លួន តាមរយៈ​គំនិត​ច្នៃ​ប្រឌិត វិន័យ​និង​ការ​ខិតខំ ។ យើង​ទាំងអស់​គ្នា​មាន​ក្ដី​រីករាយ​សូម​ស្វាគមន៍​ក្រុមហ៊ុន Crown Holdings  មាន​ទីស្នាក់ការ​ធំ​នៅ​ទីក្រុង Philadelphia ដែល​ចូល​មក​រកស៊ី​នៅ​ព្រះ​រាជាណាចក្រកម្ពុជា​ជា​ប្រទេស​ទី ៤២ សំរាប់​ក្រុមហ៊ុន ។


          ខ្ញុំ​សូម​សរសើរ​លោក John Conway ប្រធាន​និង​ជា​នាយក​ប្រតិបត្ដិ​របស់​ក្រុមហ៊ុន Crown Holdings Inc, លោក Jozef Salaerts ប្រធាន​ក្រុមហ៊ុន​នេះ​ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក Mike Ruddick អ្នក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន Crown Beverage Cans (Cambodia) និង​បុគ្គលិក​ក្នុង​ស្រុក​របស់​ក្រុមហ៊ុន​នេះ ដែល​បាន​បំពេញ​ការងារ​គំរោង​ចប់​សព្វគ្រប់​និង​រៀបចំ​ពិធី​ដ៏​ឧឡារឹក​នេះ ។
          ខ្ញុំ​មិន​បាច់​និយាយ​ក៏​អស់លោក អ្នក​ដឹង​ដែរ​ថា កម្ពុជា​នៅ​ទីបំផុត​កំពុងតែ​ក្លាយ​ជា​ចំនុច​ផ្ដោត​អារម្មណ៍​របស់​អ្នក​វិនិយោគទុន​ហើយ​នៅពេល​ថ្មី​ៗ​នេះ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើន​អត្រា​ផលិតផល​​ក្នុង​ស្រុក (GDP) ខ្ពស់​ជាងគេ​នៅក្នុង​ពិភពលោក ។ ប្រហែល​ជា​គេ​អាច​និយាយ​បាន​ថា យើង​ដែល​ជា​ជនជាតិ​អាមេរិក​មក​ក្រោយ​គេ​បន្ដិច​ហើយ តែ​នៅពេល​នេះ​យើង​កំពុងតែ​សំលឹង​ឃើញ​ទីផ្សារ​ប្រទេស​កម្ពុជា​ឡើង​វិញ ។


​​​​​ការ​សំលឹង​ឃើញ​នេះ​មាន​ភាព​យឺតយ៉ាវ ។ តាមពិត​ទៅ ប្រទេស​កម្ពុជា​មាន​បញ្ហា​ធំ​ពីរ ។ បញ្ហា​ទី​១ គឺ​ប្រវត្ដិសាស្ដ្រ​ថ្មី​ៗ​កន្លង​ទៅ​នេះ ពោល​គឺ​រយៈពេល ៣០ ឆ្នាំ​នៃ​សង្គ្រាម​ស៊ីវិល ការ​លុកលុយ​របស់​បរទេស​និង​ភាព​វឹកវរ​ផ្នែក​សេដ្ឋកិច្ច ។ តែ​នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​ពេល​ប៉ុន្មាន​ទសវត្ស​មក​នេះ​ដែល​ប្រទេស​កម្ពុជា​មាន​ស្ថេរភាព​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច ។  ជា​អកុសល ​បញ្ហា​មួយ​ទៀត​ដែល​ប្រទេស​កម្ពុជា​ពិបាក​លុបបំបាត់​ហើយ​ផ្ដល់​ផល​អាក្រក់​ផង​នោះ​គឺ​ទស្សនៈ​យល់ឃើញ​របស់​យើង​ចំពោះ​ប្រទេស​កម្ពុជា ។ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​បោះ​ជំហាន​ទៅមុខ​យ៉ាង​ច្រើន ចូលទៅ​ក្នុង​សវត្ស​ទី ២១ ជនបរទេស​ខ្លះ​រួមទាំង​ប្រព័ន្ធ​ឃោសនា​បរទេស​ផង នៅតែ​និយាយ​ពី​រឿង​អតីតកាល​ដដែល​។ ផ្នត់​គំនិត​របស់​គេ បើទោះបីជា​គេ​មាន​ការ​គិតគូរ​បាន​ច្រើន​ក្ដី តែ​នៅតែ​ដិតជាប់​ជាមួយ​នឹង​អតីតកាល ហើយ​មិន​អាច​មើលឃើញ​បច្ចុប្បន្នកាល​កុំ​ថា​ឡើយ​ដល់​ទៅ​អនាគតកាល ។


​​​​​រដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​គួរតែ​ទទួល​បាន​ការ​សរសើរ​ច្រើន​ចំពោះ​ការ​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​ក្នុង​បរិយាកាស​នយោបាយ​និង​សេដ្ឋកិច្ច​នៅ​ទីនេះ ។ ការ​កែ​ទំរង់​របស់​រដ្ឋាភិបាល​បាន​ធ្វើអោយ​មាន​ភាព​ងាយស្រួល​សំរាប់​ក្រុមហ៊ុន​ជំនួញ ។ ការ​កែប្រែ​ផ្នែក​ពន្ធគយ​ធ្វើអោយ​ប្រទេស​កម្ពុជា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដទៃ​ទៀត ។ ប្រទេស​កម្ពុជា​មាន​របប​ដែល​ស្ថិត​ក្នុង​ចំណោមប្រទេសអាស៊ី​ដែល​មាន​​របប​សេរី​បំផុត​សំរាប់​អ្នក​វិនិយោគ​បរទេស ។ ពិត​មែន​ហើយ កម្ពុជា​មាន​ការងារ​ត្រូវ​ធ្វើ​ច្រើន​ទៀត ហើយ​ខ្ញុំ​ជឿថា​កម្ពុជា​មាន​ការ​ប្ដេជ្ញាចិត្ដ​ក្នុង​ការ​ធ្វើអ្វី​ដែល​ត្រូវ​ធ្វើ ។  និតិរដ្ឋ​ត្រូវតែ​ជា​ស្នូល​នៃ​សង្គម​និង​ពាណិជ្ជកម្ម​របស់​កម្ពុជា ។ កម្ពុជា​ត្រូវ​ធ្វើការ​កែ​លំអ​ហេដ្ឋារចនាសម្ព័ន្ធ​​អោយ​បាន​ឆាប់​ហើយ​សំខាន់​បំផុត​នោះ​គឺ​គេ​មិន​អាច​ធ្វើ​មិន​ដឹង​មិន​លឺ​ចំពោះ​អំពើ​ពុក​រលួយ​បាន​ទេ ។  ទោះបីជា​​ថា​វា​នឹង​មាន​វិនិយោគទុន​ហូរ​ចូល​មក​ទោះបីជា​មាន​អំពើ​ពុក​រលួយ​កំរិត​ណា​ក៏​ដោយ​ក្ដី តែ​កម្ពុជា​នឹង​បាត់បង់​អនាគត​អ្នក​វិនិយោគទុន​ជាច្រើន​បើសិនជា​ខ្លួន​មិន​ព្រម​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​អោយ​បាន​ខ្លាំងក្លា​ទេ​នោះ ។ ប្រទេស​ណា​ក៏មាន​អំពើ​ពុករលួយ​ដែរ ​រួមទាំង​ប្រទេស​អាមេរិក​ផង តែ​​វា​ហាក់​ដូច​ជា​មាន​ភាព​អយុត្តិ​ធម៌​ចំ​ពោះ​ប្រ​ទេស​កម្ពុជា​បន្តិច​ ប្រទេស​កម្ពុជា​មិន​អាច​បណ្ដោយ​អោយ​មាន​អំពី​ពុក​រលួយ​បាន​ទេ ។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នឹង​នាំអោយ​គេ​មាន​ទំនុក​ចិត្ដ​ច្រើន​លើ​ទីផ្សា​កម្ពុជា​ដែល​នឹង​ទាក់ទាញ​វិនិយោគទុន​អន្ដរជាតិ​បន្ថែម​ទៀត​នៅ​កម្ពុជា ។
គ្រប់​ដំណើរ​ដែល​មាន​ចំងាយ​រាប់ពាន់​ម៉ៃល៍​ក៏​ត្រូវ​បោះ​មួយ​ជំហាន​ម្ដង​ៗ​ដែរ ។  ការ​បើក​ទីតាំង​នេះ​គឺជា​ជំហាន​បោះ​ទៅមុខ​មួយ​ទៀត​សំរាប់​ក្រុមហ៊ុន Crown Holdings Inc.  និង​សំរាប់​កម្ពុជា ។


​​​​​បើ​យើង​ឈប់​បន្ដិច​ហើយ​ក្រលេក​មើល​ទៅក្រោយ ចំពោះ​ខ្ញុំ វា​អស្ចារ្យ​ណាស់​ដែល​កម្ពុជា​ដើរ​មកដល់​ដំណាក់កាល​ដូច​សព្វថ្ងៃ ។  ប្រទេស​កម្ពុជា​បាន​ងើប​ពី​ប្រវត្ដិសាស្ដ្រ​មួយ​នៃ​ភាព​ក្រ​តោកយ៉ាក​ដោយសារ​សង្គ្រាម ហើយ​កំពុងតែ​ឈាន​ជើង​ក្លាយជា​ប្រទេស​មួយ​រឹងប៉ឹង​ជាមួយ​នឹង​ក្ដី​សង្ឃឹម ។ កាលពី ១០ ឆ្នាំ​មុន​តើ​មាន​​នរណា​អាច​គិត​ដល់​បាន​ទេ​ថា យើង​អាច​ចូលរួម​ក្នុង​ការ​អបអរ​នេះ​ដើម្បី​ស្វាគមន៍​ក្រុមហ៊ុន​សាធារណៈ​មួយ​ទៀត​ដែល​រកស៊ី​ជាមួយ​នឹង​ផ្សាហ៊ុន​នៅ​ទីក្រុង​ញូយ៉ក ហើយ​ចូល​មក​រកស៊ី​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​?
ការ​អបអរ​នេះ​មិន​គ្រាន់តែ​កំណត់​ថា​ជា​ការ​ចូល​មក​នៃ​ក្រុមហ៊ុន​នាំមុខ​គេ​ក្នុង​ពិភពលោក​ខាង​បច្ចេកទេស​វេច​ខ្ចប់​/រក្សា​ទុក​ដោយ​លោហៈ ចូល​មក​ក្នុង​ទីផ្សា​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បង្ហាញ​អោយ​ឃើញ​ផង​ដែរ​ពី​ជោគជ័យ​ធំ​ៗ​សំរាប់​ប្រទេស​កម្ពុជា ។ ក្នុង​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍន៍​របស់​ខ្លួន​នៅពេល​នេះ​អ្វី​មួយ​ដែល​កម្ពុជា​គួរ​ធ្វើ​គឺ​បង្កើន​មុខ​វិស័យ​សេដ្ឋកិច្ច​របស់​ខ្លួន កុំអោយ​មាន​ត្រឹមតែ​វិស័យ​កាត់ដេរ​និង​ទេសចរណ៍ និង​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ខ្លួន ។ ការ​បើក​ទីតាំង​ធ្វើ​ការ​វេចខ្ចប់​នេះ​រាប់​ថា​ជា​ជំហាន​ទៅមុខ​មួយ​ទៀត​ក្នុង​កិច្ច​ខិតខំ​ដើម្បី​បង្កើន​មុខ​វិស័យ​សេដ្ឋកិច្ច ។


​​​​​ខ្ញុំ​តែងតែ​មាន​ការ​ស្ងើច​ចំពោះ​ទិដ្ឋភាព​និង​សំលេង​រោងចក្រ​ដែល​យក​វត្ថុ​ធាតុ​ដើម​ដែល​មើល​ទៅ​កខ្វក់​ហើយ​ហាក់​គ្មាន​ប្រយោជន៍​ទៅ​ធ្វើ​ចេញ​ជា​ផលិតផល​សំរេច​ដែល​មាន​ភាព​ចែងចាំង ។ បើ​យើង​ក្រលេក​មើល​ទៅ​ឧស្សាហូបនីយកម្ម​របស់​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​នៅពេល​បច្ចុប្បន្ន​នេះ យើង​ឃើញ​ថា​ថាមពល​និង​ភាព​រស់រវើក​របស់​ឧស្សាហករ​ដែល​បាន​កសាង​រោងចក្រ​ដំបូង​ៗ ក៏​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ផង​ដែរ​ក្នុង​នយោបាយ​ដែល​មាន​លក្ខណៈ​រស់រវើក​របស់​ប្រទេស​នោះ ។ ចូរ​ក្រលេក​មើល​ប្រទេស​អង់គ្លេស​នៅក្នុង​សម័យកាល​បដិវត្ដន៍​ផ្នែក​ឧស្សាហកម្ម ឬ​ប្រទេស​អាឡឺម៉ង់ ។ សភា​របស់​គេ​មាន​ភាព​រឹងមាំ​ខ្លាំង ។


​​​​​ពិត​មែន​ហើយ ខ្ញុំ​មាន​ការ​លំអៀង​ទៅរក​ប្រទេស​អាមេរិក​និង​ការ​បង្កើត​ប្រទេស​នេះ​ឡើង​នៅចុង​សតវត្ស​ទី ១៨ ។ រដ្ឋធម្មនុញ្ញ​នៃ​ប្រជាជាតិ​ដ៏​ក្មេង​ខ្ចី​របស់​យើង​គាំទ្រ​ការ​មាន​គំនិត​ច្នៃ​ប្រឌិត​និង​ការ​ខិតខំ​ធ្វើការ​ដោយ​មាន​ចែង​ពី​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​និង​ប៉ាតង់ ដូច​ការ​ដែល​រដ្ឋធម្មនុញ្ញ​នេះ​គាំទ្រ​គុណ​តំលៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​នយោបាយ​របស់​មនុស្ស​ម្នាក់​ៗ ។ ដូច្នេះ​ខ្ញុំ​រីករាយ​ដែល​កម្ពុជា​ចង់​ដើរ​តាម​ទិស​នេះ ដូចដែល​លោក​ចម​ប្រសិទ្ធ​បាន​ប្រាប់​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​កម្ពុជា​ចង់​ធ្វើ​ជា​អ្នក​ឈានមុខ​គេ​ក្នុង​ការ​ការពារ​សិទ្ធិបញ្ញា អោយ​ដូច​នឹង​ការ​ដែល​ខ្លួន​នាំមុខគេ​ក្នុង​ការ​ការពារ​បទដ្ឋាន​ពលកម្ម ។ ការ​ពង្រឹង​បាន​ខ្លាំងក្លា​នូវ​ការ​ការពារ​ប៉ាតង់ កម្មសិទ្ធិ​បញ្ញា យីហោ​និង​ទំរង់​ដទៃ​ទៀត​នៃ​ទ្រព្យ​សម្បត្ដិ​បញ្ញា​នឹង​ពង្រឹង​ភាព​ទាក់ទាញ​នៃ​ប្រទេស​កម្ពុជា​ចំពោះ​អ្នក​វិនិយោគ​បរទេស ។
គ្មាន​នរណា​ដឹង​បាន​ទេ​ថា​តើ​មាន​ប៉ាតង់​ប៉ុន្មាន​សំរាប់​ការ​រៀបចំ​ទីតាំង​វេច​ខ្ចប់​នេះ ។ ជា​ការ​លើក​ទឹកចិត្ដ​មួយ​ហើយ​ខ្ញុំ​សូម​សារភាព​ថា វា​ធ្វើអោយ​យើង​មាន​ចិត្ដ​រីករាយ​ផង​ដែរ​ដែល​ឃើញ​ទីតាំង​នេះ​នៅ​ចំពោះ​មុខ​យើង ។ ខ្ញុំ​សង្ឃឹម​ថា​ការ​អភិវឌ្ឍន៍​ដ៏​ទំនើប​នេះ​នៅ​កម្ពុជា​បង្ហាញ​អោយ​ឃើញ​ពី​ភាព​ល្អ​នៃ​ការ​អភិវឌ្ឍន៍​រួមគ្នា​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ប្រជាជន​កម្ពុជា​ដែល​នឹង​នាំ​ទៅ​ដល់​ការ​ទាក់ទាញ​បាន​ច្រើន​ថែម​ទៀត​នូវ​អ្នក​វិនិយោគទុន​និង​នាំអោយ​មាន​រោងចក្រ​ច្រើន​ថែម​ទៀត ។


ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​សូម​សំដែង​ការ​សរសើរ​ចំពោះ​អស់​លោក​អ្នក​ទាំងអស់ ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រនេះមានជាភាសាអង់គ្លេស ។
សូមចុចត្រង់នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក